ព្រះត្រៃបិដក ភាគ ៣៥
មិនដឹងនូវធម្មារម្មណ៍ ដែលមានសភាពមិនជាទីប្រាថ្នា ដឹងតែធម្មារម្មណ៍ ដែលមានសភាពជាទីត្រេកអរ មិនដឹងនូវធម្មារម្មណ៍ ដែលមានសភាពមិនជាទីត្រេកអរ ដឹងតែធម្មារម្មណ៍ ដែលមានសភាពជាទីគាប់ចិត្ត មិនដឹងនូវធម្មារម្មណ៍ ដែលមានសភាពមិនជាទីគាប់ចិត្តឡើយ។ ម្នាលភិក្ខុទាំងឡាយ ជាលាភរបស់អ្នកទាំងឡាយហើយ ម្នាលភិក្ខុទាំងឡាយ អត្តភាពជាមនុស្ស ឈ្មោះថា អ្នកទាំងឡាយ បានល្អហើយ ម្នាលភិក្ខុទាំងឡាយ ខណៈនៃការប្រព្រឹត្តិព្រហ្មចរិយធម៌ ឈ្មោះថា អ្នកទាំងឡាយ បានហើយ។ ចប់សូត្រ ទី ២។
[២១៤] ម្នាលភិក្ខុទាំងឡាយ ទេវតានិងមនុស្សទាំងឡាយ មានសេចក្តីរីករាយនឹងរូប ត្រេកអរនឹងរូប ពេញចិត្តនឹងរូប ម្នាលភិក្ខុទាំងឡាយ ទេវតា និងមនុស្សទាំងឡាយ តែងកើតទុក្ខ ព្រោះការប្រែប្រួល ប្រាស រលត់ នៃរូប។ ម្នាលភិក្ខុទាំងឡាយ ទេវតា និងមនុស្សទាំងឡាយ មានសេចក្តីរីករាយនឹងសំឡេង ត្រេកអរនឹងសំឡេង ពេញចិត្តនឹងសំឡេង ម្នាលភិក្ខុទាំងឡាយ ទេវតា និងមនុស្សទាំងឡាយ តែងកើតទុក្ខ ព្រោះការប្រែប្រួល ប្រាស រលត់ នៃសំឡេង។ ម្នាលភិក្ខុទាំងឡាយ ទេវតា និងមនុស្សទាំងឡាយ មានសេចក្តីរីករាយនឹងក្លិន រីករាយនឹងរស រីករាយនឹងផោដ្ឋព្វៈ រីករាយនឹងធម្មារម្មណ៍
ID: 636872505916320796
ទៅកាន់ទំព័រ៖