ព្រះត្រៃបិដក ភាគ ៣៥
នឿយណាយនឹងអណា្តតផង នឿយណាយនឹងកាយផង នឿយណាយនឹងចិត្តផង កាលបើនឿយណាយ រមែងប្រាសចាកតម្រេក ព្រោះតែប្រាសចាកតម្រេក ចិត្តក៏ផុតស្រឡះ (ចាកអាសវៈ)។ កាលបើចិត្តផុតស្រឡះហើយ ញាណ ក៏កើតឡើងថា ចិត្តផុតស្រឡះហើយ។ (អរិយសាវ័កនោះ) ក៏ដឹងច្បាស់ថា ជាតិ (របស់អញ) អស់ហើយ មគ្គព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ ក៏បានធើ្វរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ចប់សូត្រ ទី១។
[២] ម្នាលភិក្ខុទាំងឡាយ ភ្នែកជាទុក្ខ របស់ណាជាទុក្ខ របស់នោះជាអនត្តា របស់ណា ជាអនត្តា របស់នោះ បុគ្គលត្រូវយល់ដោយប្រាជ្ញាដ៏ប្រពៃ តាមពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ។ ត្រចៀកជាទុក្ខ ។បេ។ ច្រមុះជាទុក្ខ។ អណ្តាតជាទុក្ខ។ កាយជាទុក្ខ។ ចិត្តជាទុក្ខ របស់ណាជាទុក្ខ របស់នោះ ជាអនត្តា របស់ណាជាអនត្តា របស់នោះ បុគ្គលត្រូវយល់ដោយប្រាជ្ញាដ៏ប្រពៃ តាមពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ។
ID: 636872374469892490
ទៅកាន់ទំព័រ៖