ព្រះត្រៃបិដក ភាគ ៣៥
។បេ។ ចិត្តជាអនត្តា ហេតុណាក្តី បច្ច័យណាក្តី ដែលនាំឲ្យកើតចិត្ត ហេតុ និងបច្ច័យនោះឯង ក៏ជាអនត្តាដែរ ម្នាលភិក្ខុទាំងឡាយ ចុះបើចិត្តកើតមកអំពីហេតុ និងបច្ច័យ ដែលជាអនត្តាហើយ ចិត្តនឹងទៅជាអត្តាម្តេចកើត។ កាលបើឃើញ យ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ចប់សូត្រ ទី៨។
[២២២] ម្នាលភិក្ខុទាំងឡាយ រូបមិនទៀង ហេតុណាក្តី បច្ច័យណាក្តី ដែលនាំឲ្យកើតរូប។បេ។ ហេតុ និងបច្ច័យនោះឯង ក៏មិនទៀងដែរ ម្នាលភិក្ខុទាំងឡាយ ចុះបើរូបកើតមកអំពីហេតុ និងបច្ច័យ ដែលមិនទៀងហើយ រូបនឹងមានសេចក្តីទៀងទាត់មកពីណា។ សំឡេង ក្លិន រស ផោដ្ឋព្វៈ ធម្មារម្មណ៍ មិនទៀង ហេតុណាក្តី បច្ច័យណាក្តី ដែលនាំឲ្យកើតធម្មារម្មណ៍ ហេតុ និងបច្ច័យនោះឯង ក៏មិនទៀងដែរ ម្នាលភិក្ខុទាំងឡាយ ចុះបើធម្មារម្មណ៍កើតមកអំពីហេតុ និងបច្ច័យ ដែលមិនទៀងហើយ ធម្មារម្មណ៍នឹងមានសេចក្តីទៀងទាត់ មកពីណា។ កាលបើឃើញ យ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។
ID: 636872508794755433
ទៅកាន់ទំព័រ៖