ព្រះត្រៃបិដក ភាគ ៣៥
[២២] ម្នាលភិក្ខុទាំងឡាយ ការកើតឡើង ការតាំងនៅ ការកើតចំពោះ ការកើតប្រាកដ នៃរូបទាំងឡាយណា នុ៎ះ ឈ្មោះថា ការកើតឡើងនៃទុក្ខ ការតាំងនៅ នៃរោគទាំងឡាយ ការកើតប្រាកដ នៃជរា និងមរណៈ។ ( ការកើតឡើង ជាដើម ) នៃសំឡេង ទាំងឡាយណា។បេ។ ការកើតឡើង ការតាំងនៅ ការកើតចំពោះ ការកើតប្រាកដនៃ ធម្មារម្មណ៍ទាំងឡាយណា នុ៎ះ ឈ្មោះថា ការកើតឡើងនៃទុក្ខ ការតាំងនៅ នៃរោគទាំងឡាយ ការកើតប្រាកដ នៃជរា និងមរណៈ។
[២៣] ម្នាលភិក្ខុទាំងឡាយ លុះតែការរលត់ ការរម្ងាប់ ការវិនាស នៃរូបទាំងឡាយណា នុ៎ះ ទើបឈ្មោះថា ការរលត់នៃទុក្ខ ការរម្ងាប់ នៃរោគទាំងឡាយ ការវិនាស នៃជរា និងមរណៈបាន។ (ការរលត់ ជាដើម ) នៃសំឡេងទាំងឡាយណា។ នៃក្លិនទាំងឡាយណា។ នៃរសទាំងឡាយណា ។ នៃផោដ្ឋឰៈទាំងឡាយណា។ ការរលត់ ការរម្ងាប់ ការវិនាស នៃធម្មារម្មណ៍ទាំងឡាយណា នុ៎ះ ឈ្មោះថា ការរលត់នៃទុក្ខ ការរម្ងាប់ នៃរោគទាំងឡាយ ការវិនាស នៃជរា និងមរណៈបាន។ ចប់សូត្រ ទី១០។
ចប់យមកវគ្គ ទី២។
ID: 636872385341964337
ទៅកាន់ទំព័រ៖