ព្រះត្រៃបិដក ភាគ ៣៥
ដឹងច្បាស់នូវរាគៈ ទោសៈ មោហៈ ដែលមិនមាននៅខាងក្នុងថា អាត្មាអញ មិនមានរាគៈ ទោសៈ មោហៈ នៅខាងក្នុង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុឃើញរូបដោយចក្ខុ ដឹងច្បាស់នូវ រាគៈ ទោសៈ មោហៈ ដែលមាននៅខាងក្នុងថា អាត្មាអញ មានរាគៈ ទោសៈ មោហៈ នៅខាងក្នុង ដឹងច្បាស់នូវរាគៈ ទោសៈ មោហៈ ដែលមិនមាននៅខាងក្នុងថា អាត្មាអញ មិនមានរាគៈ ទោសៈ មោហៈ នៅខាងក្នុង។ ម្នាលភិក្ខុទាំងឡាយ ចុះធម៌ទាំងឡាយ របស់តថាគត គេត្រូវដឹងដោយជំនឿក្តី ត្រូវដឹងដោយសេចក្តីគាប់ចិត្តក្តី ត្រូវដឹងដោយការឮតៗគ្នាក្តី ត្រូវដឹងដោយសេចក្តីត្រិះរិះនូវហេតុក្តី ត្រូវដឹងដោយសេចក្តីពេញចិត្ត ព្រោះសេចក្តីយល់ឃើញក្តី តើមានឬទេ។ មិនមានទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ក្រែងធម៌ទាំងឡាយ របស់តថាគត គេត្រូវឃើញដោយប្រាជ្ញាហើយដឹង ដូច្នោះឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ នេះឯង ជាហេតុ ដែលភិក្ខុវៀរលែងជំនឿ វៀរលែងសេចក្តីគាប់ចិត្ត វៀរលែងការឮតៗគ្នា វៀរលែងសេចក្តីត្រិះរិះនូវហេតុ វៀរលែងសេចក្តីពេញចិត្ត ព្រោះសេចក្តីយល់ឃើញ ហើយបានសម្រេចអរហត្ត ក៏ដឹងច្បាស់ថា ជាតិ អស់ហើយ ព្រហ្មចរិយៈ អាត្មាអញ នៅរួចហើយ សោឡសកិច្ច អាត្មាអញ ធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។បេ។
ID: 636872513087860984
ទៅកាន់ទំព័រ៖