ព្រះត្រៃបិដក ភាគ ៣៥
ដឹងដោយការឮតៗគ្នាក្តី ដឹងដោយការត្រិះរិះនូវហេតុក្តី ដឹងដោយសេចក្តីគាប់ចិត្ត ព្រោះសេចក្តីយល់ឃើញក្តី តើមានឬទេ។ មិនមានទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ក្រែងធម៌ទាំងឡាយ របស់តថាគត គេត្រូវឃើញដោយប្រាជ្ញា ហើយដឹង ដូច្នោះឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ នេះឯក៏ជាហេតុ ដែលភិក្ខុវៀរលែងជំនឿ វៀរលែងសេចក្តីគាប់ចិត្ត វៀរលែងការឮតៗគ្នា វៀលែងសេចក្តីត្រិះរិះនូវហេតុ វៀរលែងសេចក្តីគាប់ចិត្ត ព្រោះសេចក្តីយល់ឃើញ ក៏បានសម្រេចអរហត្ត ហើយដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយៈ អាត្មាអញ នៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមាន ឡើយ។ ចប់សូត្រ ទី ៨។
[២៤១] គ្រានោះ ភិក្ខុមួយរូប បានចូលទៅគាល់ព្រះមានព្រះភាគ។បេ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះអង្គត្រាស់ថា ភិក្ខុបរិបូណ៌ដោយឥន្រ្ទិយ បរិបូណ៌ដោយឥន្រ្ទិយ បពិត្រព្រះអង្គដ៏ចម្រើន ចុះភិក្ខុអ្នកបរិបូណ៌ដោយឥន្រ្ទិយ តើដោយហេតុប៉ុន្មានយ៉ាង។ ព្រះមានព្រះភាគត្រាស់ថា បើភិក្ខុ ពិចារណាឃើញ នូវការកើតឡើង និងការវិនាស ក្នុងចក្ខុន្រ្ទិយ រមែងនឿយណាយនឹងចក្ខុន្រ្ទិយ។បេ។ បើភិក្ខុពិចារណា ឃើញនូវការកើតឡើង និងការវិនាស ក្នុងជិវ្ហិន្រ្ទិយ រមែងនឿយណាយ នឹងជិវ្ហិន្រ្ទិយ។បេ។ បើភិក្ខុពិចារណា
ID: 636872513659503680
ទៅកាន់ទំព័រ៖