ព្រះត្រៃបិដក ភាគ ៣៥
ចតុត្ថបណ្ណាសកៈ
នន្ទិក្ខយវគ្គ
[២៤៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុឃើញចក្ខុដែលមិនទៀង ថាមិនទៀង ភិក្ខុនោះ ឈ្មោះថា មានគំនិតយល់ត្រូវ កាលបើយល់ត្រូវ រមែងនឿយណាយ ការអស់នៃរាគៈ ព្រោះអស់នៃសេចក្តីរីករាយ ការអស់នៃសេចក្តីរីករាយ ព្រោះអស់នៃរាគៈ ចិត្តដែលលោកហៅថា ផុតស្រឡះ ព្រោះអស់នៃសេចក្តីរីករាយ និងរាគៈ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុឃើញជីវ្ហា ដែលមិនទៀង ថាមិនទៀង ភិក្ខុនោះ ឈ្មោះថា មានគំនិតយល់ត្រូវ កាលបើយល់ត្រូវ រមែងនឿយណាយ ការអស់នៃរាគៈ ព្រោះអស់នៃសេចក្តីរីករាយ។បេ។ ចិត្តដែលលោកហៅថា ផុតស្រឡះ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុឃើញចិត្ត ដែលមិនទៀង ថាមិនទៀង ភិក្ខុនោះ ឈ្មោះថា មានគំនិតយល់ត្រូវ កាលបើយល់ត្រូវ រមែងនឿយណាយ ការអស់នៃរាគៈ ព្រោះអស់នៃសេចក្តីរីករាយ ការអស់នៃសេចក្តីរីករាយ ព្រោះអស់នៃរាគៈ ចិត្តដែលលោកហៅថា រួចស្រឡះ ព្រោះអស់នៃសេចក្តីរីករាយ និងរាគៈ។ ចប់ សូត្រទី១។
ID: 636872514566655567
ទៅកាន់ទំព័រ៖