ព្រះត្រៃបិដក ភាគ ៣៥
[២៤៨] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងជីវកម្ពវ័ន ទៀបក្រុងរាជគ្រឹះ។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ត្រាស់ហៅពួកភិក្ខុ។បេ។ ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយ ពួនសម្ងំ ប្រកបដោយសេចក្តីព្យាយាម។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលពួនសម្ងំ យថាភូតញ្ញាណ រមែងចុះស៊ប់។ ម្នាលភិក្ខុទាំងឡាយ យថាភូតញ្ញាណចុះស៊ប់ តើដូចម្តេច។ យថាភូតញ្ញាណចុះស៊ប់ថា ចក្ខុមិនទៀង យថាភូតញ្ញាណ ចុះស៊ប់ថា រូបមិនទៀង យថាភូតញ្ញាណ ចុះស៊ប់ថា ចក្ខុវិញ្ញាណមិនទៀង យថាភូតញ្ញាណចុះស៊ប់ថា ចក្ខុសម្ផ័ស្សមិនទៀង វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ យថាភូតញ្ញាណចុះស៊ប់ថា វេទនានោះ មិនទៀង។បេ។ យថាភូតញ្ញាណចុះស៊ប់ថា ចិត្តមិនទៀង ធម្មារម្មណ៍ មនោវិញ្ញាណ មនោសម្ផ័ស្ស វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ យថាភូតញ្ញាណ ក៏ចុះស៊ប់ថា វេទនានោះ មិនទៀង។ ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយ ពួនសម្ងំ ប្រកបដោយសេចក្តីព្យាយាមចុះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលពួនសម្ងំ យថាភូតញ្ញាណ រមែងចុះស៊ប់។ ចប់ សូត្រ ទី៦។
ID: 636872515572533099
ទៅកាន់ទំព័រ៖