ព្រះត្រៃបិដក ភាគ ៣៥
ត្រូវអ្នកលះបង់សេក្តីប៉ុនប៉ង ក្នុងធម្មារម្មណ៍នោះចេញ។ មនោវិញ្ញាណ មនោសម្ផ័ស្ស វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ វេទនានោះ ក៏ជាអនត្តា ត្រូវអ្នកលះបង់សេចក្តីប៉ុនប៉ង ក្នុងវេទនានោះចេញ។ ម្នាលកោដ្ឋិកៈ សភាវៈណា ជាអនត្តា ត្រូវអ្នកលះបង់សេចក្តីប៉ុនប៉ង ក្នុងសភាវៈនោះចេញ។ ចប់ សូត្រ ទី៩។
[២៥២] គ្រានោះឯង ភិក្ខុមួយរូប ចូលទៅគាល់ព្រះមានព្រះភាគ។បេ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន កាលបុគ្គលដឹងដូចម្តេច ឃើញដូចម្តេច ទើបលះបង់មិច្ឆាទិដ្ឋិបាន។ ម្នាលភិក្ខុ កាលបុគ្គលដឹង ឃើញចក្ខុ ថាមិនទៀង ទើបលះបង់មិច្ឆាទិដ្ឋិបាន។ កាលបុគ្គលដឹង ឃើញរូប ថាមិនទៀង ទើបលះបង់ មិច្ឆាទិដ្ឋិបាន។ កាលបុគ្គលដឹង ឃើញចក្ខុវិញ្ញាណ ថាមិនទៀង ទើបលះបង់មិច្ឆាទិដ្ឋិបាន។បេ។ កាលបុគ្គលដឹង ឃើញចក្ខុសម្ផ័ស្ស ថាមិនទៀង ទើបលះបង់មិច្ឆាទិដ្ឋិបាន។បេ។
ID: 636872516877637747
ទៅកាន់ទំព័រ៖