ព្រះត្រៃបិដក ភាគ ៣៥
កាលបើភិក្ខុនោះ ពិចារណាឃើញយ៉ាងនេះ ក៏លែងប្រកាន់របស់អ្វីតិចតួចក្នុងលោក កាលបើលែងប្រកាន់ រមែងមិនតក់ស្លុត កាលបើមិនតក់ស្លុត រមែងរំលត់កិលេសដោយពិត ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយៈ អាត្មាអញ នៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ច នេះទៀត មិនមានឡើយ។
[៣០១] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែង នូវធម្មបរិយាយ ឈ្មោះ អាទិត្តបរិយាយ ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម្មបរិយាយនោះចុះ។ ម្នាលភិក្ខុទាំងឡាយ ចុះធម្មបរិយាយ ឈ្មោះ អាទិត្តបរិយាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ចក្ខុន្រ្ទិយ ដែលបុគ្គល អាលដោយបន្ទះដែក ដ៏ក្តៅ ដែលភ្លើងកំពុងឆេះ រុងរោចន៍ សន្ធោសន្ធៅ ប្រសើរជាង ការកាន់យកនិមិត្ត ដោយអនុព្យព្ជានៈ ក្នុងរូប ដែលបុគ្គល គប្បីដឹងដោយចក្ខុ មិនប្រសើរទេ។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណដែលផ្តេកផ្តួលទៅរក សេចក្តីត្រេកអរក្នុងនិមិត្ត ឬផ្តេកផ្តួល ទៅរកសេចក្តីត្រេកអរ ក្នុងអនុព្យព្ជានៈ ហើយតាំងនៅ បើបុគ្គលនោះ ធ្វើមរណកាល ក្នុងសម័យនោះ។ បណ្តាគតិទាំងពីរ បុគ្គលនោះ គប្បីទៅកាន់គតិណាមួយ គឺនរក ឬកំណើតតិរច្ឆាន ដោយហេតុណា ហេតុនោះ រមែងមាន។
ID: 636872528538394704
ទៅកាន់ទំព័រ៖