ព្រះត្រៃបិដក ភាគ ៣៥
វេទនាណា ដែលកើតឡើង ព្រោះកាយសម្ផ័ស្សជាបច្ច័យ។បេ។ វេទនានោះ ក៏មិនទៀង។ ការដេកលក់ លើកទុកសិនចុះ។ បើដូច្នោះ អញធ្វើទុកក្នុងចិត្ត នូវហេតុនេះ ដូច្នេះថា មនោមិនទៀង ធម្មារម្មណ៍មិនទៀង មនោវិញ្ញាណមិនទៀង មនោសម្ផ័ស្សមិនទៀង វេទនាណា ជាសុខក្តីជា ទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ វេទនានោះ ក៏មិនទៀង។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័ក អ្នកចេះដឹង ឃើញយ៉ាងនេះ រមែងនឿយណាយ នឹងចក្ខុផង នឿយណាយនឹងរូបផង នឿយណាយនឹងចក្ខុវិញ្ញាណផង នឿយណាយនឹងចក្ខុសម្ផ័ស្សផង។បេ។ វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ ក៏នឿយណាយនឹងវេទនានោះ កាលបើនឿយណាយ រមែងប្រាសចាកតម្រេក ព្រោះតែប្រាសចាកតម្រេក ទើបចិត្តរួចស្រឡះ។ កាលបើចិត្តរួចស្រឡះហើយ ញាណក៏កើតឡើងថា ចិត្តរួចស្រឡះហើយ។ ដឹងច្បាស់ថា ព្រហ្មចរិយៈ អាត្មាអញ នៅរួចហើយ សោឡសកិច្ច អាត្មាអញ ធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ច នេះទៀត មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម្មបរិយាយ ឈ្មោះ អាទិត្តបរិយាយ។
ID: 636872529704391396
ទៅកាន់ទំព័រ៖