ព្រះត្រៃបិដក ភាគ ៣៥
[៣១៨] ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់មានមកថា មានអណ្តើកសង្កល់មួយ ខ្វល់ខ្វាយរកចំណី តាមឆ្នេរស្ទឹង ក្នុងសាយណ្ហសម័យ។ ម្នាលភិក្ខុទាំងឡាយ ឯសត្វចចក ក៏ខ្វល់ខ្វាយរកចំណី តាមឆ្នេរស្ទឹង ក្នុងសាយណ្ហសម័យដែរ។ ម្នាលភិក្ខុទាំងឡាយ អណ្តើកសង្កល់ បានឃើញចចក ខ្វល់ខ្វាយរកចំណី អំពីចម្ងាយ លុះឃើញហើយ ក៏ពន្លឹបនូវអវយវៈទាំងឡាយ មានក្បាល ជាគម្រប់ ៥ ចូលក្នុងស្នូករបស់ខ្លួន មានសេចក្តីខ្វល់ខ្វាយតិច ស្ងៀមសម្ងំនៅ។ ម្នាលភិក្ខុទាំងឡាយ ឯចចកបានឃើញអណ្តើកសង្កល់ ខ្វល់ខ្វាយរកចំណី អំពីចម្ងាយ លុះឃើញហើយ ក៏ចូលទៅរកអណ្តើកសង្កល់ លុះចូលទៅដល់ហើយ ក៏ឈរនៅក្នុងទីចំពោះមុខអណ្តើកសង្កល់។ ចចកនោះ គិតថា កាលណាអណ្តើកសង្កល់នេះ លៀនអវយវៈទាំងឡាយ មានក្បាល ជាគម្រប់ ៥ អវយវៈណា ៗ ចេញមកក៏ដោយ អញនឹងខាំទាញអវយវៈនោះ មកស៊ីក្នុងទីនេះឯង ក្នុងកាលណោះ។
ID: 636872539494561361
ទៅកាន់ទំព័រ៖