ព្រះត្រៃបិដក ភាគ ៣៥
ម្នាលភិក្ខុទាំងឡាយ កាលណាអណ្តើកសង្កល់ លៀនអវយវៈទាំងឡាយ មានក្បាលជាគម្រប់ ៥ អវយវៈណាៗ ចេញមក។ គ្រានោះ ចចកមិនបាននូវឱកាស ក៏លាកចិត្ត គេចចេញអំពីអណ្តើកសង្កល់ទៅ។ ម្នាលភិក្ខុទាំងឡាយ មារមានចិត្តបាប ដែលអ្នកទាំងឡាយ បណ្តោយឲ្យងើបឡើងបានរឿយៗហើយ រមែងគិតថា ធ្វើម្តេច អញនឹងបានចន្លោះ អំពីភ្នែករបស់ភិក្ខុទាំងឡាយនេះក្តី ។បេ។ គប្បីបានចន្លោះ អំពីអណ្តាតក្តី។បេ។ គប្បីបានចន្លោះ អំពីចិត្តក្តី ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយ ត្រូវមានទ្វាររក្សា ក្នុងឥន្រ្ទិយទាំងឡាយ ឃើញរូបដោយចក្ខុ កុំប្រកាន់យកនិមិត្ត កុំប្រកាន់យកអនុព្យព្ជានៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ ដ៏លាមក គប្បីគ្របសង្កត់ នូវបុគ្គល ដែលមិនសង្រួមចក្ខុន្រ្ទិយនុ៎ះ ព្រោះហេតុមិនសង្រួមចក្ខុន្រ្ទិយណា អ្នកទាំងឡាយ ចូរប្រតិបត្តិ ដើម្បីសង្រួមចក្ខុន្រ្ទិយនោះ រក្សាចក្ខុន្រ្ទិយនោះ ដល់នូវការសង្រួមក្នុងចក្ខុន្រ្ទិយ។ ឮសម្លេងដោយត្រចៀក។ ធុំក្លិនដោយច្រមុះ។ ជញ្ជាបរសដោយអណ្តាត។ ពាល់ត្រូវផោដ្ឋព្វៈ ដោយកាយ។
ID: 636872539661650918
ទៅកាន់ទំព័រ៖