ព្រះត្រៃបិដក ភាគ ៣៥

​លុះ​ទត​ហើយ​ ​ទ្រង់​ត្រាស់​នឹង​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ឃើញ​កំណាត់ឈើ​ឯណោះ​ ​កំពុង​អណ្តែត​ ​តាម​ខ្សែទឹក​ទន្លេ​គង្គា​ដែរ​ឬ​។​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​កំណាត់ឈើ​ ​មិន​អណ្តែត​មកកាន់​ត្រើយអាយ​ ​មិនទៅ​កាន់​ត្រើយនាយ​ ​មិន​លិច​ចុះ​ក្នុង​កណ្តាល​ ​មិន​រសាត់​ឡើង​ទៅលើគោក​ ​មិន​មាន​មនុស្ស​ចាប់​យក​ ​មិន​មាន​អមនុស្ស​ចាប់​យក​ ​មិន​មាន​ទឹកវល់​កួច​យក​ ​និង​មិន​ស្អុយ​ខាងក្នុង​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​យ៉ាងនេះ​ ​កំណាត់ឈើ​នោះ​ ​នឹង​រសាត់​ទៅ​រក​សមុទ្រ​ ​រេ​ទៅ​រក​សមុទ្រ​ ​ងាក​ទៅ​រក​សមុទ្រ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ខ្សែទឹក​ទន្លេ​គង្គា​ ​ហូរ​ទៅ​រក​សមុទ្រ​ ​រេ​ទៅ​រក​សមុទ្រ​ ​ងាក​ទៅ​រក​សមុទ្រ​ ​យ៉ាងណាមិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​អ្នក​ទាំងឡាយ​ ​មិន​ឡើង​កាន់​ត្រើយ​ខាងអាយ​ ​មិន​ឆ្លង​ទៅកាន់​ត្រើយ​ខាងនាយ​ ​មិន​លិច​ចុះ​ត្រង់​កណ្តាល​ ​មិន​រសាត់​ឡើងលើ​គោក​ ​មិន​មាន​មនុស្ស​ចាប់​យក​ ​មិន​មាន​អមនុស្ស​ចាប់​យក​ ​មិន​មាន​ទឹកវល់​កួច​យក​ ​និង​មិន​ស្អុយ​ខាងក្នុង​ទេ​។​ ​
ថយ | ទំព័រទី ៤០៨ | បន្ទាប់
ID: 636872540113316752
ទៅកាន់ទំព័រ៖