ព្រះត្រៃបិដក ភាគ ៣៥

​លុះ​ព្រះមានព្រះភាគ​ ​ប្រើប្រាស់​ជាមុន​ហើយ​ ​សឹម​ពួក​សក្យៈ​ ​នៅក្នុង​ក្រុង​កបិល​ព័ស្តុ​ ​នឹង​ប្រើប្រាស់​ជា​ខាងក្រោយ​ ​ការដែល​ព្រះអង្គ​ប្រើប្រាស់​នោះ​ ​នឹង​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ពួក​សក្យៈ​ ​នៅក្នុង​ក្រុង​កបិល​ព័ស្តុ​ ​អស់កាលជាយូរអង្វែង​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ទទួល​និមន្ត​ ​ដោយ​តុណ្ហីភាព​។​ ​លំដាប់នោះ​ ​ពួក​សក្យៈ​ ​នៅក្នុង​ក្រុង​កបិល​ព័ស្តុ​ ​ដឹង​ថា​ ​ព្រះមានព្រះភាគ​ ​ទទួល​និមន្ត​ហើយ​ ​ក៏​ក្រោក​អំពី​អាសនៈ​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ធ្វើ​ប្រទក្សិណ​ ​ហើយ​ចូល​ទៅកាន់​ព្រះដំណាក់​ថ្មី​ ​លុះ​ចូល​ទៅដល់​ហើយ​ ​រៀបចំ​ព្រះដំណាក់​ ​ឲ្យ​សមគួរ​ ​ដល់ទី​ដែល​ត្រូវ​រៀបចំ​ទាំងអស់​ ​ហើយ​ក្រាល​អាសនៈ​ ​ឲ្យ​តំ​កល់​ក្អម​ទឹក​ ​អុជ​ប្រទីប​ប្រេង​ ​ហើយ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ព្រះដំណាក់​ ​បាន​រៀបចំ​សមគួរ​ ​ដល់ទី​ដែល​ត្រូវ​រៀបចំ​ទាំងអស់​ហើយ​ ​អាសនៈ​ ​បាន​ក្រាល​ហើយ​ ​ក្អម​ទឹក​ ​បាន​ឲ្យ​តំ​កល់​ទុក​ហើយ​ ​ប្រទីប​ប្រេង​ ​ក៏​ឲ្យ​អុជ​ឡើង​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​សូម​ព្រះមានព្រះភាគ​ ​សំគាល់​នូវ​កាល​ ​ដ៏​សមគួរ​នឹង​ស្តេច​ទៅ​ឥឡូវនេះ​។​ ​
ថយ | ទំព័រទី ៤១៤ | បន្ទាប់
ID: 636872541373588835
ទៅកាន់ទំព័រ៖