ព្រះត្រៃបិដក ភាគ ៣៥
នេះហៅថា ភិក្ខុអ្នកគ្របសង្កត់រូប គ្របសង្កត់សំឡេង គ្របសង្កត់ក្លិន គ្របសង្កត់រស គ្របសង្កត់ផោដ្ឋេព្វៈ គ្របសង្កត់ធម្មារម្មណ៍ គ្របសង្កត់អកុសលធម៌ ដ៏លាមកទាំងនោះ ដែលប្រកបដោយសេចក្តីសៅហ្មង ប្រកបដោយភពថ្មី ប្រកបដោយសេចក្តីក្រវល់ក្រវាយ មានទុក្ខ ជាវិបាក ប្រកបដោយជាតិ ជរា មរណៈតទៅ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានចិត្ត មិនទទឹកដោយរាគៈ យ៉ាងនេះឯង។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ក្រោកឡើង ហើយត្រាស់ហៅព្រះមហាមោគ្គល្លានមានអាយុ មកថា ម្នាលមោគ្គល្លាន ប្រពៃហើយៗ ម្នាលមោគ្គល្លាន ប្រពៃហើយ ដែលអ្នកបានសម្តែង នូវហេតុនៃចិត្ត ដែលទទឹកដោយរាគៈ និងហេតុនៃចិត្ត ដែលមិនទទឹកដោយរាគៈ ដល់ភិក្ខុទាំងឡាយ។ ព្រះមហាមោគ្គល្លានមានអាយុ បានសម្តែងធម៌នេះហើយ។ ព្រះសាស្តា ទ្រង់សព្វព្រះហប្ញទ័យ។ ភិក្ខុទាំងនោះ មានចិត្តត្រេកអរ រីករាយ នឹងភាសិត របស់ព្រះមហាមោគ្គល្លានមានអាយុ។ ចប់ សូត្រ ទី៦។
ID: 636872543320050167
ទៅកាន់ទំព័រ៖