ព្រះត្រៃបិដក ភាគ ៣៥
[៣៣៧] គ្រានោះ ភិក្ខុមួយរូបចូលទៅរកភិក្ខុមួយរូប លុះចូលទៅដល់ហើយ បានពោល នឹងភិក្ខុនោះ ដូច្នេះថា ម្នាលអាវុសោ ចុះការឃើញដ៏បរិសុទ្ធល្អ របស់ភិក្ខុ ដោយហេតុដូចម្តេច។ ម្នាលអាវុសោ ភិក្ខុដឹងច្បាស់ តាមពិត នូវហេតុ ជាទីកើតឡើង និងសូន្យទៅ នៃផស្សាយតនៈ ទាំង ៦ ក្នុងកាលណា ម្នាលអាវុសោ ក្នុងកាលនោះ ការឃើញដ៏បរិសុទ្ធល្អ របស់ភិក្ខុ ក៏កើតមាន ដោយហេតុនេះឯង។ គ្រានោះឯង ភិក្ខុនោះ មិនពេញចិត្ត ដោយពាក្យដោះស្រាយប្រស្នា របស់ភិក្ខុនោះ ក៏បានចូលទៅរកភិក្ខុមួយរូបទៀត លុះចូលទៅដល់ហើយ បានពោលនឹងភិក្ខុនោះ ដូច្នេះថា ម្នាលអាវុសោ ចុះការឃើញ ដ៏បរិសុទ្ធល្អ របស់ភិក្ខុ ដោយហេតុដូចម្តេច។ ម្នាលអាវុសោ ភិក្ខុដឹងច្បាស់ តាមពិត នូវហេតុជាទីកើតឡើង និងសាបសូន្យទៅ នៃឧបាទានក្ខន្ធ ទាំង ៥ ក្នុងកាលណា ម្នាលអាវុសោ ក្នុងកាលនោះ ការឃើញ ដ៏បរិសុទ្ធល្អ របស់ភិក្ខុ ក៏កើតមាន ដោយហេតុនេះឯង។ គ្រានោះឯង ភិក្ខុនោះ មិនពេញចិត្ត ដោយពាក្យដោះស្រាយប្រស្នា របស់ភិក្ខុនោះ ក៏បានចូលទៅរកភិក្ខុមួយរូបទៀត លុះចូលទៅដល់ហើយ បានពោលនឹងភិក្ខុនោះ ដូច្នេះថា ម្នាលអាវុសោ ចុះការឃើញ ដ៏បរិសុទ្ធល្អរបស់ភិក្ខុ ដោយហេតុដូចម្តេច។
ID: 636872545888897096
ទៅកាន់ទំព័រ៖