ព្រះត្រៃបិដក ភាគ ៣៥
ម្នាលអាវុសោ ភិក្ខុដឹងច្បាស់ តាមពិត នូវហេតុជាទីកើតឡើង និងសាបសូន្យទៅ នៃមហាភូតរូប ទាំង ៤ ក្នុងកាលណា ម្នាលអាវុសោ ក្នុងកាលនោះ ការឃើញ ដ៏បរិសុទ្ធល្អ របស់ភិក្ខុ ក៏កើតមាន ដោយហេតុនេះឯង។ លំដាប់នោះឯង ភិក្ខុនោះ មិនពេញចិត្ត ដោយពាក្យដោះស្រាយប្រស្នា របស់ភិក្ខុនោះ ក៏ចូលទៅរកភិក្ខុមួយរូបទៀត លុះចូលទៅដល់ហើយ បានពោលនឹងភិក្ខុនោះ ដូច្នេះថា ម្នាលអាវុសោ ចុះការឃើញដ៏បរិសុទ្ធល្អ របស់ភិក្ខុ ដោយហេតុដូចម្តេច។ ម្នាលអាវុសោ កាលណា ភិក្ខុដឹងច្បាស់ តាមពិតថា របស់ណានីមួយ មានការកើតឡើង ជាធម្មតា របស់ទាំងអស់នោះ រលត់ទៅវិញ ជាធម្មតា ម្នាលអាវុសោ កាលនោះ ការឃើញ ដ៏បរិសុទ្ធល្អ របស់ភិក្ខុ ក៏កើតមាន ដោយហេតុនេះឯង។
[៣៣៨] គ្រានោះឯង ភិក្ខុនោះមិនពេញចិត្តដោយពាក្យដោះស្រាយប្រស្នា របស់ភិក្ខុនោះ ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គ ចូលទៅរកភិក្ខុមួយរូប លុះចូលទៅដល់ហើយ បានពោលនឹងភិក្ខុនោះ ដូច្នេះថា
ID: 636872546144491715
ទៅកាន់ទំព័រ៖