ព្រះត្រៃបិដក ភាគ ៣៥
យើងមិនត្រូវការនឹងពិណនោះទេ អ្នកទាំងឡាយ ចូរនាំយកតែសំឡេងពិណនោះ មកឲ្យយើង។ ពួករាជបុរស ក្រាបទូលព្រះរាជា ឬមហាមាត្យ របស់ព្រះរាជានោះ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ឈ្មោះថាពិណនេះ មានអង្គជាអនេក មានអង្គដ៏ច្រើន ផ្សំដោយអង្គទាំងឡាយ ជាអនេក ទើបដេញបាន។ អង្គដូចម្តេចខ្លះ។ គឺអាស្រ័យស្នូកផង អាស្រ័យទ្រូងផង អាស្រ័យដងផង អាស្រ័យខ្ទង់ទាំងឡាយផង អាស្រ័យខ្សែទាំងឡាយផង អាស្រ័យពំនួតផង អាស្រ័យសេចក្តីព្យាយាម ដ៏សមគួរ ដល់ពិណនោះ របស់បុរសផង បពិត្រព្រះអង្គដ៏ចម្រើន នេះឯង ឈ្មោះថា ពិណមានអង្គ ជាអនេក មានអង្គដ៏ច្រើន ផ្សំដោយអង្គទាំងឡាយជាអនេក ទើបដេញបាន។ ព្រះរាជា ឬមហាមាត្យ របស់ព្រះរាជានោះ ឲ្យបំបែពិណនោះ ជា ១០ ចំណែក ឬ ១០០ ចំណែក លុះឲ្យបំបែកពិណនោះ ជា១០ ចំណែក ឬ ១០០ ចំណែកហើយ ឲ្យពុះជាចម្រៀកៗ លុះពុះជាចម្រៀកៗ រួចហើយ ឲ្យកម្លោចដោយភ្លើង លុះកម្លោចដោយភ្លើងរួចហើយ ឲ្យកិនជាខ្មុកធ្យូង លុះកិនជាខ្មុកធ្យូងរួចហើយ ឲ្យរោយទៅតាមខ្យល់ដ៏ខ្លាំង ឬ បណ្តែតទៅតាមខ្សែទឹកទន្លេ ដ៏រហ័ស។ ព្រះរាជា ឬមហាមាត្យ របស់ព្រះរាជានោះ ត្រាស់យ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន បានឮថា
ID: 636872548516077362
ទៅកាន់ទំព័រ៖