ព្រះត្រៃបិដក ភាគ ៣៥
បណ្តាសត្វទាំងនោះ សត្វណា ដែលមានកម្លាំងជាងគេ សត្វទាំងនោះ ក៏ប្រព្រឹត្តទៅតាម ដោយទៅតាម លុះក្នុងអំណាច នៃសត្វ ដែលមានកម្លាំងនោះ ក្នុងកាលណោះ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលភិក្ខុណាមួយ មិនបានចម្រើន មិនបានធ្វើឲ្យច្រើន ចក្ខុក៏ទាញភិក្ខុនោះ ទៅក្នុងរូបទាំងឡាយ ដែលជាទីគាប់ចិត្ត រូបទាំងឡាយ ដែលមិនជាទីគាប់ចិត្ត ក៏ជារបស់បដិកូល។បេ។ អណ្តាតក៏ទាញ។ កាយក៏ទាញ។ ចិត្តក៏ទាញចូលទៅក្នុងធម្មារម្មណ៍ទាំងឡាយ ដែលជាទីគាប់ចិត្ត ធម្មារម្មណ៍ទាំងឡាយ ដែលមិនជាទីគាប់ចិត្ត ក៏ជារបស់បដិកូល ក៏យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ សេចក្តីមិនសង្រួម យ៉ាងនេះឯង។
[៣៤៧] ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីសង្រួម តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយចក្ខុហើយ មិនជ្រប់ក្នុងរូបជាទីស្រឡាញ់ មិនព្យាបាទ ក្នុងរូបមិនជាទីស្រឡាញ់ មានសតិក្នុងកាយតាំងមាំ មានចិត្តប្រមាណមិនបាន មួយទៀត អកុសលធម៌ដ៏លាមក ទាំងឡាយ ដែលកើតឡើង ដល់ភិក្ខុនោះ តែងរលត់ទៅ មិនមានសេសសល់ ក្នុងចេតោវិមុត្តិ និងបញ្ញាវិមុត្តិណា ក៏ដឹងច្បាស់ តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ។ ឮសម្លេងដោយត្រចៀក។បេ។ ធុំក្លិនដោយច្រមុះ។បេ។ ជញ្ជាប់រស ដោយអណ្តាត។បេ។
ID: 636872549477942378
ទៅកាន់ទំព័រ៖