ព្រះត្រៃបិដក ភាគ ៣៥
មិនសំគាល់ក្នុងជិវ្ហា មិនសំគាល់ដោយជិវ្ហា មិនសំគាល់ថា ជិវ្ហាជារបស់អញ។ មិនសំគាល់ នូវរសទាំងឡាយ នូវជិវ្ហាវិញ្ញាណ នូវជិវ្ហាសម្ផ័ស្ស។ ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខ មិនសុខក្តី ដែលកើតឡើង ព្រោះជិវ្ហាសម្ផ័ស្សជាបច្ច័យ មិនសំគាល់ នូវវេទនានោះផង មិនសំគាល់ ក្នុងវេទនានោះផង មិនសំគាល់ដោយវេទនានោះផង មិនសំគាល់ថា វេទនា នោះជារបស់អញ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ភិក្ខុសំគាល់នូវអារម្មណ៍ណា សំគាល់ក្នុងអារម្មណ៍ណា សំគាល់ដោយអារម្មណ៍ណា សំគាល់ថា អារម្មណ៍ណា ជា របស់អញ អារម្មណ៍នោះ កើតឡើង ព្រោះសេចក្តីសំគាល់នោះ សត្វលោកដែលជាប់ក្នុងភព មានសេចក្តីប្រែប្រួលផ្សេងៗ រមែងត្រេកអរនឹងភពប៉ុណ្ណោះឯង។បេ។ មិនសំគាល់នូវមនោ មិនសំគាល់ក្នុងមនោ មិនសំគាល់ដោយមនោ មិនសំគាល់ថា មនោជារបស់អញ មិនសំគាល់ នូវធម្មារម្មណ៍ នូវមនោវិញ្ញាណ នូវមនោសម្ផ័ស្ស។ ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ ក៏មិនសំគាល់ នូវវេទនានោះផង មិនសំគាល់ ក្នុងវេទនានោះផង មិនសំគាល់ ដោយវេទនានោះផង មិនសំគាល់ថា វេទនានោះ ជារបស់អញ។
ID: 636872390021922015
ទៅកាន់ទំព័រ៖