ព្រះត្រៃបិដក ភាគ ៣៥
នឿយណាយនឹងរូបទាំងឡាយផង នឿយណាយនឹងចក្ខុវិញ្ញាណផង នឿយណាយនឹងចក្ខុសម្ផ័ស្សផង នឿយណាយនឹងវេទនាផង កាលបើនឿយណាយ រមែងប្រាសចាកតម្រេក ព្រោះតែប្រាសចាកតម្រេក ចិត្តទើបរួចស្រឡះ អរិយសាវ័យនោះ រមែងដឹងច្បាស់ ឧបាទាន អាត្មាអញ បានគ្របសង្កត់ហើយ ព្រោះការរួចស្រឡះ។បេ។ ព្រោះអាស្រ័យអណ្តាត និងរស ទើបជិវ្ហាវិញ្ញាណកើតឡើង។បេ។ ព្រោះអាស្រ័យចិត្ត និងធម៌ ទើបមនោវិញ្ញាណកើតឡើង ប្រជុំនៃធម៌ ទាំង ៣ ឈ្មោះថា ផស្សៈ វេទនា កើតមាន ព្រោះផស្សៈ ជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក អ្នកចេះដឹង កាលបើឃើញយ៉ាងនេះ រមែងនឿយណាយនឹងចិត្តផង នឿយណាយនឹងធម៌ផង នឿយណាយនឹងមនោវិញ្ញាណផង នឿយណាយនឹងមនោសម្ផ័ស្សផង នឿយណាយនឹងវេទនាផង កាលបើនឿយណាយ រមែងប្រាសចាកតម្រេក ព្រោះតែប្រាសចាកតម្រេក ចិត្តទើបរួចស្រឡះ អរិយសាវ័កនោះ រមែងដឹងច្បាស់ថា ឧបាទាន អាត្មាអញ បានគ្របសង្កត់ហើយ ព្រោះការរួចស្រឡះ។ ម្នាលភិក្ខុទាំងឡាយ នេះឯង ជាធម៌ប្រព្រឹត្តទៅ ដើម្បីគ្របសង្កត់ នូវឧបាទានទាំងពួង។ ចប់សូត្រ ទី៩។
ID: 636872406225828826
ទៅកាន់ទំព័រ៖