ព្រះត្រៃបិដក ភាគ ៣៥
បានគាស់រំលើងអនុស័យ គឺសេចក្តីប្រកាន់ថាអញ ថារបស់អញ មកយូរហើយ ហេតុនោះ បានជាព្រះឧបសេនមានអាយុ មិនមានសេចក្តីត្រិះរិះយ៉ាងនេះទេថា ចក្ខុ គឺអាត្មាអញ ឬថាចក្ខុរបស់អាត្មាអញ។បេ។ ជិវ្ហា គឺអាត្មាអញ ឬថាជិវ្ហារបស់អាត្មាអញ។បេ។ ថាមនោ គឺអាត្មាអញ ឬថា មនោរបស់អាត្មាអញ។ គ្រានោះ ភិក្ខុទាំងនោះ លើកកាយព្រះឧបសេនមានអាយុ ដាក់លើគ្រែ ហើយសែងចេញទៅខាងក្រៅ។ លំដាប់នោះ កាយរបស់ព្រះឧបសេនមានអាយុ ក៏រោយរាយក្នុងទីនោះ ដូចជាអង្កាមមួយក្តាប់។ ចប់សូត្រ ទី៧។
[៧៨] គ្រានោះ ព្រះឧបវាណមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ។បេ។ លុះព្រះឧបវាណមានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យគេតែងនិយាយថា ធម៌ បុគ្គលឃើញច្បាស់ ដោយខ្លួនឯង ធម៌ បុគ្គលឃើញច្បាស់ដោយខ្លួនឯង ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ ដែលបុគ្គលឃើញច្បាស់ ដោយខ្លួនឯង ឲ្យនូវផល មិនរង់ចាំកាល គួរនឹងហៅបុគ្គលដទៃ ឲ្យចូលមកមើលបាន គួរបង្អោនចូលមកទុកក្នុងខ្លួន ជាធម៌ដែលពួកវិញ្ញូជនគប្បីដឹង ចំពោះខ្លួន ដោយហេតុដូចម្តេច។
ID: 636872409836095321
ទៅកាន់ទំព័រ៖