ព្រះត្រៃបិដក ភាគ ៣៥
[៨៤] ម្នាលឧបវាណ មួយវិញទៀត ភិក្ខុ ដឹងនូវធម៌ដោយចិត្ត ហើយគ្រាន់តែកត់ សំគាល់នូវធម៌ តែមិនកត់សំគាល់នូវតម្រេកក្នុងធម៌ ទាំងដឹងច្បាស់នូវតម្រេក ដែលមិនមានក្នុងធម៌ខាងក្នុងថា អាត្មាអញ មិនមានតម្រេកក្នុងធម៌ខាងក្នុង។ ម្នាលឧបវាណ ភិក្ខុ ដឹងច្បាស់នូវធម៌ដោយចិត្ត ហើយគ្រាន់តែកត់សំគាល់នូវធម៌ តែមិនកត់សំគាល់នូវតម្រេក ក្នុងធម៌ ទាំងដឹងច្បាស់នូវតម្រេក ដែលមិនមានក្នុងធម៌ខាងក្នុងថា អាត្មាអញ មិនមានតម្រេកក្នុងធម៌ខាងក្នុង ដោយហេតុណា។ ម្នាលឧបវាណ ធម៌ដែលបុគ្គលឃើញច្បាស់ ដោយខ្លួនឯង ឲ្យនូវផល មិនរង់ចាំកាល គួរនឹងហៅបុគ្គលដទៃ ឲ្យចូលមកមើលបាន គួរបង្អោនចូលមកទុកក្នុងខ្លួនបាន ជាធម៌ដែលពួកវិញ្ញូជន គប្បីដឹងចំពោះខ្លួន ដោយហេតុយ៉ាងនេះ ក៏មាន។ ចប់សូត្រ ទី៨។
[៨៥] ម្នាលភិក្ខុទាំងឡាយ សេចក្តីពិតថា ភិក្ខុណាមួយ មិនដឹងច្បាស់តាមពិត នូវការកើត ការរលត់ អានិសង្ស ទោស និងការរលាស់ចេញ នូវអាការរបស់ផស្សៈទាំង ៦ ទេ ភិក្ខុនោះ ឈ្មោះថា មិនបានប្រព្រឹត្តព្រហ្មចរិយៈទេ ភិក្ខុនោះ ឈ្មោះថា ឆ្ងាយអំពី ធម្មវិន័យនេះ។
ID: 636872410641071363
ទៅកាន់ទំព័រ៖