ព្រះត្រៃបិដក ភាគ ៣៥
ម្នាលភិក្ខុ ក្នុងរឿងនេះ អ្នកនឹងបានឃើញចិត្តនុ៎ះ ដោយប្រាជ្ញាដ៏ប្រពៃ តាមពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ កាលបើយ៉ាងនេះ អ្នកនឹងបានលះបង់ ផស្សាយតនៈ ជាគម្រប់ ៦ នុ៎ះ ដើម្បីមិនឲ្យផស្សាយតនៈនោះកើតតទៅទៀតបាន។ ចប់សូត្រ ទី ១០។
[៨៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុណានីមួយ មិនបានដឹងច្បាស់តាមពិត នូវការកើត ការរលត់ អានិសង្ស ទោស និងការរលាស់ចេញ នូវអាការរបស់ផស្សៈ ទាំង ៦ ទេ ភិក្ខុ នោះឈ្មោះថា មិនបាននៅចប់ព្រហ្មចរិយៈឡើយ ភិក្ខុនោះឈ្មោះថា ឆ្ងាយ អំពីធម្មវិន័យនេះ។ កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ភិក្ខុមួយរូប ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ ខូចប្រយោជន៍ ក្នុងធម្មវិន័យនេះហើយ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះខ្ញុំព្រះអង្គ មិនដឹងច្បាស់តាមពិត នូវការកើត ការរលត់ អានិសង្ស ទោស និងការរលាស់ចេញ នូវអាការរបស់ផស្សៈ ទាំង ៦។ ម្នាលភិក្ខុ អ្នកសំគាល់នូវសេចក្តីនោះ ដូចម្តេច ភ្នែកទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណាមិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរនឹងយល់ឃើញ របស់នោះថា
ID: 636872411441937170
ទៅកាន់ទំព័រ៖