ព្រះត្រៃបិដក ភាគ ៣៥
នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះដែរឬ។ មិនគួរនឹងយល់ ឃើញដូច្នោះទេ ព្រះអង្គ។ ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត ទៀងឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរនឹងយល់ឃើញរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះដែរឬ។ មិនគួរនឹងយល់ឃើញ ដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុ កាលបើអរិយសាវ័ក អ្នកចេះដឹង ឃើញយ៉ាងនេះ រមែងនឿយណាយ នឹងភ្នែកផង នឿយណាយនឹងត្រចៀកផង នឹងច្រមុះផង នឹងអណ្តាតផង នឹងកាយផង នឹងចិត្តផង កាលបើនឿយណាយ រមែងប្រាសចាកតម្រេក ព្រោះតែប្រាសចាកតម្រេក ទើបចិត្តរួចស្រឡះបាន។ កាលបើចិត្តរួចស្រឡះហើយ ញាណក៏កើតឡើង យ៉ាងនេះថា ចិត្តរួចស្រឡះហើយ។ អរិយសាវ័កនោះ រមែងដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ចប់សូត្រ ទី ១១។
ចប់ មិគជាលវគ្គ ទី២។
ID: 636872411636308287
ទៅកាន់ទំព័រ៖