ព្រះត្រៃបិដក ភាគ ៣៥
នវបុរាណវគ្គ
[២២៥] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវកម្មថ្មីផង កម្មចាស់ផង ការរំលត់កម្មផង បដិបទា ជាដំណើរទៅកាន់ទីរំលត់កម្មផង ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះ ចូរអ្នកទាំងឡាយ យកចិត្តទុកដាក់ឲ្យប្រពៃ តថាគត នឹងសម្តែងប្រាប់។ ម្នាលភិក្ខុទាំងឡាយ កម្មចាស់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ចក្ខុ ជាកម្មចាស់
(១) ដែលបច្ច័យតាក់តែង សម្រេចហើយ ដោយចេតនា បណ្ឌិតគប្បីឃើញថា ជាហេតុនៃវេទនា។បេ។ ជិវ្ហាជាកម្មចាស់ ដែលបច្ច័យតាក់តែង សម្រេចហើយដោយចេតនា បណ្ឌិតគប្បីឃើញថា ជាហេតុនៃវេទនា។បេ។ មនោជាកម្មចាស់ ដែលបច្ច័យតាក់តែង សម្រេចហើយ ដោយចេតនា បណ្ឌិតគប្បីឃើញថា ជាហេតុនៃវេទនា។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្មចាស់។
[២២៦] ម្នាលភិក្ខុទាំងឡាយ កម្មថ្មី តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកំពុងធ្វើអំពើណា ដោយកាយ វាចា ចិត្ត ក្នុងកាលឥឡូវនេះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្មថ្មី។
(១) ចក្ខុមិនមែនចាស់ទេ កម្មទើបបានហៅថា របស់ចាស់ ព្រោះចក្ខុកើតមកអំពីកម្ម។ អដ្ឋកថា។
ID: 636872509757340489
ទៅកាន់ទំព័រ៖