ព្រះត្រៃបិដក ភាគ ៣៥
សព្វវគ្គ
[២៤] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវអាយតនៈទាំងពួង ដល់អ្នក ទាំងឡាយ អ្នកទាំងឡាយ ចាំស្តាប់នូវអាយតនៈនោះចុះ។ ម្នាលភិក្ខុទាំងឡាយ អាយតនៈទាំងពួង តើដូចម្តេច គឺភ្នែក ១ រូប ១ ត្រចៀក ១ សំឡេង ១ ច្រមុះ ១ ក្លិន ១ អណ្តាត ១ រស ១ កាយ ១ ផោដ្ឋឰៈ ១ ចិត្ត ១ ធម្មារម្មណ៍ ១។ ម្នាលភិក្ខុទាំងឡាយ នេះ ហៅថា អាយតនៈទាំងពួង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា និយាយយ៉ាងនេះថា អញឃាត់នូវអាយតនៈទាំងពួងនុ៎ះ ហើយនឹងបញ្ញត្ត នូវវត្ថុដទៃ។ វាចារបស់បុគ្គលនោះ គ្រាន់តែឲ្យ កើតទៅជារឿងប៉ុណ្ណោះឯង។ បុគ្គលនោះ បើមានគេសួរមក ក៏មិនអាចញុំាងរឿងនោះ ឲ្យសម្រេចបាន នាំឲ្យលំបាកទៅខាងមុខ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា (សត្វទាំងឡាយ តែងបាននូវសេចក្តីទុក្ខ) ក្នុងទីមិនមែនជាវិស័យ ដោយពិត។ ចប់ សូត្រ ទី ១។
ID: 636872385789799952
ទៅកាន់ទំព័រ៖