ព្រះត្រៃបិដក ភាគ ៣៦
ម្នាលអាវុសោ អ្វីជាមគ្គ អ្វីជាបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវវេទនា ទាំង ៣ ប្រការនុ៎ះ។ ម្នាលអាវុសោ មគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯងហើយ ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវវេទនា ទាំង ៣ ប្រការនុ៎ះ។ មគ្គ ប្រកបដោយអង្គ ៨ តើដូចម្តេច។ គឺ សម្មាទិដ្ឋិ ១។ បេ។ សម្មាសមាធិ ១។ ម្នាលអាវុសោ នេះហៅថាមគ្គ នេះហៅថាបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវវេទនា ទាំង ៣ ប្រការនុ៎ះ។ ម្នាលអាវុសោ មគ្គដ៏ចំរើន បដិបទាដ៏ចំរើន ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវវេទនា ទាំង ៣ ប្រការនុ៎ះ ម្នាលអាវុសោសារីបុត្ត បើដូច្នោះ បុគ្គលគួរ (ដំកល់ចិត្ត) ក្នុង អប្បមាទធម៌ ។
[១៤៦] ម្នាលអាវុសោសារីបុត្ត គេតែងនិយាយថា អាសវៈ ៗ ម្នាលអាវុសោ អាសវៈ តើដូចម្តេច។ ម្នាលអាវុសោ អាសវៈទាំងនេះ មាន ៣ ប្រការ គឺ កាមាសវៈ ១ ភវាសវៈ ១ អវិជ្ជាសវៈ ១។ ម្នាលអាវុសោ អាសវៈ មាន ៣ ប្រការនេះឯង។ ម្នាលអាវុសោ មគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវអាសវៈទាំងនុ៎ះ មានដែរ ឬ។ ម្នាលអាវុសោ មគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវអាសវៈទាំងនុ៎ះ មានដែរ។
ID: 636850777464274427
ទៅកាន់ទំព័រ៖