ព្រះត្រៃបិដក ភាគ ៣៦
ម្នាលអាវុសោ អ្វីជាមគ្គ អ្វីជាបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវអាសវៈទាំងនុ៎ះ។ ម្នាលអាវុសោ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯងហើយ ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវអាសវៈទាំងនុ៎ះ។ មគ្គប្រកបដោយអង្គ ៨ តើដូចម្តេច។ គឺសម្មាទិដ្ឋិ ១។ បេ។ សម្មាសមាធិ ១។ ម្នាលអាវុសោ នេះហៅថាមគ្គ នេះហៅថា បដិបទា ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវអាសវៈទាំងនុ៎ះ។ ម្នាលអាវុសោ មគ្គដ៏ចំរើន បដិបទាដ៏ចំរើន ដែលប្រព្រឹត្តទៅ ដើម្បីលះបង់នូវអាសវៈទាំងនុ៎ះ ម្នាលអាវុសោសារីបុត្ត បើដូច្នោះ បុគ្គលគួរ (ដំកល់ចិត្ត) ក្នុងអប្បមាទធម៌។
[១៤៧] ម្នាលអាវុសោសារីបុត្ត គេតែងនិយាយថា អវិជ្ជា ៗ ម្នាលអាវុសោ អវិជ្ជា តើដូចម្តេច។ ម្នាលអាវុសោ ការមិនដឹង ក្នុងទុក្ខឯណា ការមិនដឹង ក្នុងហេតុ ជាដែនកើត នៃទុក្ខឯណា ការមិនដឹង ក្នុងហេតុជាទីរលត់ទុក្ខឯណា ការមិនដឹងក្នុង បដិបទា ជាដំណើរទៅកាន់ទីរលត់ទុក្ខឯណា ម្នាលអាវុសោ នេះហៅថា អវិជ្ជា។ ម្នាលអាវុសោ មគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវអវិជ្ជានុ៎ះ មានដែរឬ ។
ID: 636850777708848415
ទៅកាន់ទំព័រ៖