ព្រះត្រៃបិដក ភាគ ៣៦
ម្នាលអាវុសោ មគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវអវិជ្ជានុ៎ះ មានដែរ។ ម្នាលអាវុសោ អ្វីជាមគ្គ អ្វីជាបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវអវិជ្ជានុ៎ះ។ ម្នាលអាវុសោ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯងហើយ ដែលប្រព្រឹត្តទៅ ដើម្បីលះបង់នូវអវិជ្ជានុ៎ះ។ មគ្គប្រកបដោយអង្គ ៨ តើដូចម្តេច។ គឺសម្មាទិដ្ឋិ ១។ បេ។ សម្មាសមាធិ ១។ ម្នាលអាវុសោ នេះហៅថាមគ្គ នេះហៅថា បដិបទា ដែលប្រព្រឹត្តទៅ ដើម្បីលះបង់នូវអវិជ្ជានុ៎ះ។ ម្នាលអាវុសោ មគ្គដ៏ចំរើន បដិបទាដ៏ចំរើន ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវអវិជ្ជានុ៎ះ ម្នាលអាវុសោសារីបុត្ត បើដូច្នោះ បុគ្គលគួរ (ដំកល់ចិត្ត) ក្នុងអប្បមាទធម៌ ។
[១៤៨] ម្នាលអាវុសោសារីបុត្ត គេតែងនិយាយថា តណ្ហា ៗ ម្នាលអាវុសោ តណ្ហា តើដូចម្តេច។ ម្នាលអាវុសោ តណ្ហានេះ មាន ៣ ប្រការ គឺ កាមតណ្ហា ១ ភវតណ្ហា ១ វិភវតណ្ហា ១។ ម្នាលអាវុសោ តណ្ហា មាន ៣ ប្រការនេះឯង។ ម្នាលអាវុសោ មគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវតណ្ហាទាំងនុ៎ះ មានដែរឬ។ ម្នាលអាវុសោ មគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវតណ្ហាទាំងនុ៎ះ មានដែរ។
ID: 636850777929021009
ទៅកាន់ទំព័រ៖