ព្រះត្រៃបិដក ភាគ ៣៦
អរិយសាវកនោះ កាលបើទុក្ខវេទនាពាល់ត្រូវហើយ ក៏មិនត្រេកអរនូវកាមសុខឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា អរិយសាវកនោះ ជាអ្នកចេះដឹង ទុកជាវៀរចាកកាមសុខហើយ ក៏ស្គាល់ច្បាស់ នូវឧបាយជាគ្រឿង រលាស់ចេញ នូវទុក្ខវេទនាបាន កាលបើអរិយសាវកនោះ មិនត្រេកអរ នឹងកាមសុខហើយ អនុស័យ គឺតម្រេក ដោយសុខវេទនាឯណា អនុស័យ គឺតម្រេកនោះ រមែងធ្វើមិនឲ្យអរិយសាវកត្រាំត្រែងនៅបាន អរិយសាវកនោះ រមែងដឹងច្បាស់នូវហេតុ ដែលកើតឡើងផង នូវសេចក្តីវិនាសផង នូវអានិសង្សផង នូវទោសផង នូវឧបាយ ជាគ្រឿងរលាស់ចេញផង នូវវេទនាទាំងនោះ តាមពិត។ កាលអរិយសាវកនោះ ដឹងច្បាស់ នូវហេតុជាទីកើតឡើងផង នូវសេចក្តីវិនាសផង នូវអានិសង្សផង នូវទោសផង នូវឧបាយ ជាគ្រឿងរលាស់ចេញផង នូវវេទនាទាំងនោះ តាមពិតហើយ អនុស័យ គឺអវិជ្ជា ដោយអទុក្ខមសុខវេទនាឯណា អនុស័យ គឺអវិជ្ជានោះ រមែងធ្វើមិនឲ្យអរិយសាវក ត្រាំត្រែងនៅបាន
ID: 636850415564594949
ទៅកាន់ទំព័រ៖