ព្រះត្រៃបិដក ភាគ ៣៦
ម្នាលអាវុសោ អ្វីជាមគ្គ អ្វីជាបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវឱឃៈទាំងនុ៎ះ។ ម្នាលអាវុសោ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯងហើយ ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវឱឃៈទាំងនុ៎ះ។ មគ្គប្រកបដោយអង្គ ៨ តើដូចម្តេច។ គឺសម្មាទិដ្ឋិ ១។បេ។ សម្មាសមាធិ ១។ ម្នាលអាវុសោ នេះហៅថាមគ្គ នេះហៅថាបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវឱឃៈទាំងនុ៎ះ។ ម្នាលអាវុសោ មគ្គដ៏ចំរើន បដិបទាដ៏ចំរើន ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវឱឃៈទាំងនុ៎ះ ម្នាលអាវុសោសារីបុត្ត បើដូច្នោះ បុគ្គលគួរ (ដំកល់ចិត្ត) ក្នុងអប្បមាទធម៌ ។
[១៥០] ម្នាលអាវុសោសារីបុត្ត គេតែងនិយាយថា ឧបាទាន ៗ ម្នាលអាវុសោ សារីបុត្ត ឧបាទាន តើដូចម្តេច។ ម្នាលអាវុសោ ឧបាទាននេះ មាន ៤ យ៉ាង គឺ កាមុបាទាន ១ ទិដ្ឋុបាទាន ១ សីលព្វតុបាទាន ១ អត្តវាទុបាទាន ១។ ម្នាលអាវុសោ ឧបាទាន មាន ៤ នេះឯង។
ID: 636850778677253805
ទៅកាន់ទំព័រ៖