ព្រះត្រៃបិដក ភាគ ៣៦
ព្រះអរិយៈទាំងឡាយ តែងសរសើរនូវបុគ្គល ដែលបាននូវតតិយជ្ឈាននោះថា ប្រកបដោយឧបេក្ខា មានស្មារតី ជាអ្នកមានធម៌ជាគ្រឿងនៅ ជាសុខ ដូច្នេះ ព្រោះតតិយជ្ឈានឯណា ក៏ដល់នូវតតិយជ្ឈាននោះ ហើយសម្រេចសម្រាននៅ ដោយឥរិយាបថ ទាំង ៤ នេះហៅថា តតិយជ្ឈាន។ ម្នាលអាវុសោទាំងឡាយ ខ្ញុំព្រោះនឿយណាយ ចាកបីតិផង ជាអ្នកប្រកបដោយឧបេក្ខាផង មានសតិ និងសម្បជញ្ញៈផង សោយសុខ ដោយនាមកាយផង ព្រះអរិយៈទាំងឡាយ តែងសរសើរ នូវបុគ្គលដែលបាន នូវតតិយជ្ឈាននោះថា ប្រកបដោយឧបេក្ខា មានស្មារតី ជាអ្នកមានធម៌ ជាគ្រឿងនៅជាសុខ ដូច្នេះ ព្រោះតតិយជ្ឈានឯណា ក៏ដល់នូវតតិយជ្ឈាននោះ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង ៤។ ម្នាលអាវុសោទាំងឡាយ កាលខ្ញុំនៅដោយវិហារធម៌នេះ សញ្ញា និងមនសិការ ដែលប្រកបដោយបីតិ ក៏ផុសផុលឡើង។ ម្នាលអាវុសោទាំងឡាយ គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ចូលមករកខ្ញុំ ដោយឫទ្ធិ ហើយទ្រង់ត្រាស់ ដូច្នេះថា ម្នាលមោគ្គល្លាន ៗ ព្រាហ្មណ៍ អ្នកកុំធ្វេសប្រហែស នឹងតតិយជ្ឈានឡើយ ចូរដំកល់ចិត្តក្នុងតតិយជ្ឈាន ចូរធ្វើចិត្តឲ្យមានអារម្មណ៍តែមួយក្នុងតតិយជ្ឈាន ចូរដំកល់ចិត្តក្នុងតតិយជ្ឈាន ។
ID: 636850795276523229
ទៅកាន់ទំព័រ៖