ព្រះត្រៃបិដក ភាគ ៣៦
បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ការប្រកបព្រម ដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះធម៌ ថា ព្រះធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ល្អហើយ។ បេ។ ជាធម៌ដែលវិញ្ញូជន គប្បីដឹងច្បាស់ដោយខ្លួនឯង ជាការប្រពៃពិត។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ សត្វពួកខ្លះ ក្នុងលោកនេះ ព្រោះហេតុតែប្រកបព្រម ដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះធម៌ហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ ទេវលោកយ៉ាងនេះឯង សត្វទាំងនោះ រមែងបាននូវរបស់ជាទិព្វដទៃ ដោយឋានៈ ទាំង ១០ យ៉ាង គឺអាយុជាទិព្វ ១។បេ។ ផោដ្ឋព្វៈជាទិព្វ ១។បេ។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ការប្រកបព្រម ដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះសង្ឃថា ព្រះសង្ឃជាសាវកនៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិល្អហើយ។ បេ។ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក ជាការប្រពៃពិត។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ សត្វពួកខ្លះ ក្នុងលោកនេះ ព្រោះហេតុតែប្រកបព្រម ដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះសង្ឃហើយ លុះបែកធ្លាយ រាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិសួគ៌ ទេវលោកយ៉ាងនេះឯង សត្វទាំងនោះ រមែងបាននូវរបស់ជាទិព្វដទៃ ដោយឋានៈ ទាំង ១០ យ៉ាង គឺអាយុជាទិព្វ ១។ បេ។ ផោដ្ឋព្វៈជាទិព្វ ១។
ID: 636850805909941426
ទៅកាន់ទំព័រ៖