ព្រះត្រៃបិដក ភាគ ៣៦
[១៩] ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនោះ មានស្មារតី ជាអ្នកដឹងខ្លួន មិនមានសេចក្តីប្រមាទ មានព្យាយាមដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន នៅគ្រប់ឥរិយាបថ យ៉ាងនេះហើយ បើសុខវេទនាកើតឡើង ភិក្ខុនោះ ក៏ដឹងច្បាស់ យ៉ាងនេះថា សុខវេទនា កើតឡើងដល់អាត្មាអញ សុខវេទនានោះឯង អាស្រ័យនូវ (បច្ច័យ) មិនមែនមិនអាស្រ័យនូវ (បច្ច័យ) ទេ អាស្រ័យនូវ (បច្ច័យ) អ្វី អាស្រ័យនូវកាយនេះឯង ឯកាយនេះសោត ជារបស់មិនទៀង បច្ច័យតាក់តែងឡើង អាស្រ័យ (បច្ច័យ ) ទើបកើតឡើង សុខវេទនា ដែលកើតឡើង ព្រោះអាស្រ័យនូវកាយ ជារបស់មិនទៀង បច្ច័យតាក់តែងឡើង អាស្រ័យ (បច្ច័យ ) ទើបកើតឡើង នឹងមានសេចក្តីទៀងទាត់មកអំពីណា។ ភិក្ខុនោះ ជាអ្នកពិចារណាឃើញ នូវសេចក្តីមិនទៀង ពិចារណាឃើញ នូវសេចក្តីសាបសូន្យទៅ ពិចារណាឃើញ នូវការប្រាសចាកតម្រេក ពិចារណាឃើញ នូវសេចក្តីរលត់ ពិចារណាឃើញ នូវការលះបង់ចោល ជាប្រក្រតី ក្នុងកាយផង ក្នុងសុខវេទនាផង គ្រប់ឥរិយាបថ ទាំង ៤។
ID: 636850416682408884
ទៅកាន់ទំព័រ៖