ព្រះត្រៃបិដក ភាគ ៣៦
លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំពួកភិក្ខុជាថេរៈ រួចអង្គុយក្នុងទីដ៏សមគួរ។ លុះចិត្តគហបតី អង្គុយក្នុងទីដ៏សមគួរហើយ ក៏និមន្តពួកភិក្ខុជាថេរៈ ដូច្នេះថា បពិត្រលោកដ៏ចំរើន សូមព្រះថេរៈទាំងឡាយ ទទួលនូវភត្ត របស់ខ្ញុំព្រះករុណា ដើម្បីឆាន់ក្នុងថ្ងៃស្អែក។ ពួកភិក្ខុជាថេរៈ ក៏ទទួលនិមន្ត ដោយតណ្ហីភាព។ លុះចិត្តគហបតី ដឹងច្បាស់ថា ពួកភិក្ខុជាថេរៈ ទទួលនិមន្តហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំពួកភិក្ខុជាថេរៈ ធ្វើប្រទក្សិណ ហើយចេញទៅ។
[១៨៩] លុះរាត្រីនោះកន្លងទៅហើយ ទើបពួកភិក្ខុជាថេរៈ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងវេលាបុព្វណ្ហសម័យ ចូលទៅកាន់ផ្ទះ របស់ចិត្តគហបតី លុះចូលទៅដល់ហើយ ក៏អង្គុយលើអាសនៈ ដែលគេក្រាលទុក។ គ្រានោះ ចិត្តគហបតី ចូលទៅរកពួកភិក្ខុជាថេរៈ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំពួកភិក្ខុជាថេរៈ ហើយអង្គុយក្នុងទីដ៏សមគួរ។
ID: 636850810596619488
ទៅកាន់ទំព័រ៖