ព្រះត្រៃបិដក ភាគ ៣៦
លុះចិត្តគហបតី អង្គុយក្នុងទីដ៏សមគួរហើយ ក៏សួរទៅព្រះថេរៈដ៏មានអាយុ ដូច្នេះថា បពិត្តព្រះថេរៈដ៏ចំរើន ទិដ្ឋិទាំងឡាយឯណា មានច្រើនប្រការ តែងកើតឡើងក្នុងលោកថា លោកទៀង ដូច្នេះក្តី លោកមិនទៀង ដូច្នេះក្តី លោកមានទីបំផុត ដូច្នេះក្តី លោកមិនមានទីបំផុត ដូច្នេះក្តី ជីវិតនោះ គឺសរីរៈនោះ ដូច្នេះក្តី ជីវិតដទៃ សរីរៈដទៃ ដូច្នេះក្តី សត្វកើតទៀត ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ ដូច្នេះក្តី សត្វមិនកើតទៀតខាងមុខ បន្ទាប់អំពីសេចក្តីស្លាប់ ដូច្នេះក្តី សត្វកើតទៀតខ្លះ មិនកើតទៀតខ្លះ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ ដូច្នេះក្តី សត្វកើតទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែន ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ ដូច្នេះក្តី។ (ទិដ្ឋិ ទាំង ៦២ បានពោល ក្នុងព្រហ្មជាលសូត្រ រួចហើយ) បពិត្រលោកដ៏ចំរើន កាលបើអ្វីមាន ទើបទិដ្ឋិទាំងនេះ ក៏មានដែរ កាលបើអ្វីមិនមាន ទិដ្ឋិទាំងនេះ ក៏មិនមានដែរ។
ID: 636850810793520750
ទៅកាន់ទំព័រ៖