ព្រះត្រៃបិដក ភាគ ៣៦
ដោយចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ដល់ ព្រះមហកៈជាម្ចាស់។ ម្នាលគហបតី អ្នកពោលពាក្យប្រពៃហើយ លំដាប់នោះ ព្រះមហកៈដ៏មានអាយុ រៀបចំទុកដាក់សេនាសនៈហើយ ក៏កាន់យកបាត្រ និងចីវរ ចេញទៅអំពីដងព្រៃមច្ឆិកា ព្រោះថា ចេញទៅអំពីដងព្រៃមច្ឆិកា ចេញទៅតែម្តង មិនបានត្រឡប់មកវិញឡើយ។ ចប់ សូត្រ ទី ៤ ។
[២០០] សម័យមួយ ព្រះកាមភូដ៏មានអាយុ គង់នៅក្នុងវត្តអម្ពាដកវន នាដងព្រៃមច្ឆិកា។ គ្រានោះ ចិត្តគហបតី ចូលទៅរកព្រះកាមភូដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះកាមភូដ៏មានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះចិត្តគហបតី អង្គុយក្នុងទីដ៏សមគួរហើយ ព្រះកាមភូដ៏មានអាយុ ក៏ពោលទៅ ដូច្នេះថា ម្នាលគហបតី នេះព្រះដ៏មានព្រះភាគ ទ្រង់ពោលថា
រថមានអវយវៈឥតទោស មានគ្រៀងពាសមានពណ៌ស មានកាំតែមួយ តែងប្រព្រឹត្តទៅ អ្នកចូរមើលនូវរថនោះ ដែលមិនមានទុក្ខ មិនដល់នូវសេចក្តីទុក្ខ មានខ្សែដាច់ហើយ មិនមានចំណង ។
ID: 636850813644913841
ទៅកាន់ទំព័រ៖