ព្រះត្រៃបិដក ភាគ ៣៦
រមែងសោយអទុក្ខមសុខវេទនា តែជាអ្នកមិនប្រកបដោយកិលេស ទើបសោយនូវវេទនានោះផង។ ភិក្ខុនោះ កាលសោយនូវទុក្ខវេទនា មានកាយជាទីបំផុត (ស្ទើរនឹងស្លាប់ខ្លួន) រមែងដឹងច្បាស់ថា អាត្មាអញ សោយនូវវេទនា មានកាយជាទីបំផុត កាលសោយនូវវេទនា មានជីវិតជាទីបំផុត (ស្ទើរនឹងអស់ជីវិត) រមែងដឹងច្បាស់ថា អាត្មាអញ សោយនូវវេទនា មានជីវិតជាទីបំផុត រមែងដឹងច្បាស់ថា លុះបែកធ្លាយរាងកាយ បន្ទាប់អំពីការអស់ជីវិតទៅ ការសោយនូវវេទនាទាំងពួង ដែលអាត្មាអញ មិនបានត្រេកអរហើយ ក្នុងលោកនេះ នឹងមានសេចក្តីត្រជាក់។
[២៣] ម្នាលភិក្ខុទាំងឡាយ ដូចប្រទីបប្រេង គប្បីឆេះឡើង ព្រោះអាស្រ័យនូវប្រេង និងប្រឆេះ ប្រទីបប្រេងនោះ មិនមានអាហារ គប្បីរលត់ទៅ ក៏ព្រោះអស់ទៅ នៃប្រេង និងប្រឆេះនោះឯង មានឧបមាយ៉ាងណា។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះដែរ ភិក្ខុ កាលបើសោយ នូវវេទនា មានកាយជាទីបំផុត ក៏ដឹងច្បាស់ថា អាត្មាអញ សោយនូវវេទនា មានកាយជាទីបំផុត កាលសោយនូវវេទនាមានជីវិត ជាទីបំផុត រមែងដឹងច្បាស់ថា អាត្មាអញ សោយនូវទុក្ខវេទនា មានជីវិតជាទីបំផុត
ID: 636850417533487563
ទៅកាន់ទំព័រ៖