ព្រះត្រៃបិដក ភាគ ៣៦
ចិត្តគហបតី ក៏ចូលទៅរកអចេលកស្សប លុះចូលទៅដល់ហើយ ក៏ធ្វើនូវសេចក្តីរីករាយ ជាមួយនឹងអចេលកស្សប លុះបញ្ចប់ពាក្យ ដែលគួររីករាយ គួររឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះចិត្តគហបតី អង្គុយក្នុងទីដ៏សមគួរហើយ ក៏សួរទៅអចេលកស្សប ដូច្នេះថា បពិត្រកស្សបដ៏ចំរើន លោកបួសអស់កាលយូរ ប៉ុន្មានហើយ។ ម្នាលគហបតី យើងបួសបាន ៣០ វស្សាហើយ។ បពិត្រលោកដ៏ចំរើន ចុះឧត្តរិមនុស្សធម៌នីមួយ ដ៏វិសេស ដោយញាណទស្សនៈ អាចធ្វើនូវភាព ជាព្រះអរិយៈ ជាគ្រឿងនៅសប្បាយ លោកបានត្រាស់ដឹងហើយ ដោយអំណាចវស្សា ទាំង ៣០ នេះ ដែរឬ។ ម្នាលគហបតី វៀរលែងតែការអាក្រាត និងកោរត្រងោល និងបោសធូលី ដោយអម្បោសកន្ទុយក្ងោកចេញ ឧត្តរិមនុស្សធម៌នីមួយ ដ៏វិសេស ដោយញាណទស្សនៈ អាចធ្វើនូវភាពជាព្រះអរិយៈ ជាគ្រឿងនៅសប្បាយ យើងមិនបានត្រាស់ដឹង ដោយអំណាចវស្សា ទាំង ៣០ នេះឡើយ។
ID: 636850843627898769
ទៅកាន់ទំព័រ៖