ព្រះត្រៃបិដក ភាគ ៣៦
[២២៤] កាលបើចិត្តគហបតីពោលយ៉ាងនេះ អចេលកស្សប ក៏ពោលទៅនឹងចិត្តគហបតី ដូច្នេះថា អើហ្ន៎ អស្ចារ្យពេកណាស់ អើហ្ន៎ ចំឡែកពេកណាស់ ដោយសភាព នៃធម៌ ដែលគហបតី ពោលដោយប្រពៃ ព្រោះថា គ្រហស្ថស្លៀកស ក៏គង់បានត្រាស់ដឹង នូវឧត្តរិមនុស្សធម៌ ដ៏វិសេស ដោយញាណទស្សនៈ អាចធ្វើនូវភាពជាព្រះអរិយៈ ជាគ្រឿងនៅសប្បាយ មានសភាព ដូច្នេះដែរ ម្នាលគហបតី យើងគប្បីបាននូវបព្វជ្ជា បាននូវឧបសម្បទា ក្នុងធម៌វិន័យនេះ។ លំដាប់នោះ ចិត្តគហបតី នាំយកអចេលកស្សប ចូលទៅរកពួកភិក្ខុជាថេរៈ លុះចូលទៅដល់ហើយ ក៏ពោលទៅនឹងពួកភិក្ខុជាថេរៈ ដូច្នេះថា បពិត្រព្រះករុណាដ៏ចំរើន អចេលកស្សបនេះ ជាសំឡាញ់ កាលនៅជាគ្រហស្ថពីដើម របស់យើង សូមព្រះថេរៈទាំងឡាយ ឲ្យអចេលកស្សបនេះ បានបព្វជ្ជា បានឧបសម្បទាផង
ID: 636850844179190302
ទៅកាន់ទំព័រ៖