ព្រះត្រៃបិដក ភាគ ៣៦
ខ្ញុំព្រះករុណា នឹងធ្វើនូវសេចក្តីខ្វល់ខ្វាយ ដោយចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ដល់អចេលកស្សបនេះ។ អចេលកស្សប ក៏បាននូវបព្វជ្ជា បាននូវឧបសម្បទា ក្នុងធម៌វិន័យនេះ។ ព្រះកស្សបដ៏មានអាយុ លុះបានឧបសម្បទាហើយ មិនយូរប៉ុន្មាន ក៏ចៀសចេញទៅ តែម្នាក់ឯង មិនប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន កុលបុត្តទាំងឡាយ ចេញចាកផ្ទះ ចូលកាន់ផ្នួសដោយប្រពៃ ដើម្បីប្រយោជន៍ ដល់អនុត្តរធម៌ឯណា មិនយូរប៉ុន្មាន ក៏បានធ្វើឲ្យជាក់ច្បាស់ សម្រេចដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវអនុត្តរធម៌នោះ ជាទីបំផុត នៃព្រហ្មចរិយ ហើយបានដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះកស្សបដ៏មានអាយុ ក៏ជាព្រះអរហន្តមួយដែរ។ ចប់ សូត្រ ទី ៩។
ID: 636850844404353180
ទៅកាន់ទំព័រ៖