ព្រះត្រៃបិដក ភាគ ៣៦
ជាធម៌ ដែលអ្នកប្រាជ្ញទាំងឡាយ គប្បីដឹងច្បាស់ ក្នុងចិត្តនៃខ្លួន។ យើងទាំងឡាយ នឹងប្រកបដោយសេចក្តីជ្រះថ្លា មិនកម្រើក ក្នុងព្រះសង្ឃថា ព្រះសង្ឃសាវក នៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិប្រពៃ ព្រះសង្ឃសាវក នៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិត្រង់ ព្រះសង្ឃសាវក នៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិដើម្បីព្រះនិព្វាន ព្រះសង្ឃសាវក នៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិ ដ៏សមគួរ ព្រះសង្ឃឯណា បើរាប់ជាគូ នៃបុរស មាន ៤ បើរាប់រៀងជាបុរសបុគ្គល មាន ៨ ព្រះសង្ឃនុ៎ះ ជាសង្ឃសាវក នៃព្រះដ៏មានព្រះភាគ លោកគួរទទួល នូវចតុប្បច្ច័យ ដែលគេនាំមកបូជា គួរទទួល នូវអគន្តុកទាន គួរទទួលនូវទាន ដែលបុគ្គលជឿ នូវកម្ម និងផលនៃកម្ម ហើយនាំមកបូជា គួរដល់អញ្ជលិកម្ម ជាស្រែបុណ្យ នៃសត្វលោក រកស្រែដទៃក្រៃលែងជាងគ្មាន។ មួយទៀត ទេយ្យធម៌ឯណាបន្តិចបន្តួច ក្នុងត្រកូល ទេយ្យធម៌ទាំងអស់នោះ បុគ្គលអ្នកមានសីល មានធម៌ល្អ មិនមានចែកមុខឡើយ។ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះចុះ។
ID: 636850846605409073
ទៅកាន់ទំព័រ៖