ព្រះត្រៃបិដក ភាគ ៣៦
បុគ្គលនោះ ទើបរាប់ថា ជាអ្នកកាច។ បុគ្គលដែលមិនទាន់លះបង់មោហៈ ព្រោះតែមិនទាន់លះបង់មោហៈ បានជាពួកជនដទៃ រមែងធ្វើឲ្យក្រោធបាន កាលបើពួកជនដទៃ ធ្វើឲ្យក្រោធហើយ ក៏រមែងធ្វើសេចក្តីក្រោធ ឲ្យប្រាកដឡើង បុគ្គលនោះ ទើបរាប់ថា ជាអ្នកកាច។ ម្នាលគាមណី ហេតុនេះឯង បច្ច័យនេះឯង ដែលនាំឲ្យរាប់បុគ្គលពួកមួយ ក្នុងលោកនេះ ថាជាអ្នកកាច អ្នកកាច។
[២២៩] ម្នាលគាមណី បុគ្គលពួកមួយទៀតក្នុងលោកនេះ ជាអ្នកលះបង់រាគៈហើយ ព្រោះតែលះបង់រាគៈ បានជាពួកជនដទៃ ធ្វើឲ្យក្រោធមិនបាន ទោះបីពួកជនដទៃ ធ្វើឲ្យក្រោធ ក៏មិនធ្វើសេចក្តីក្រោធឲ្យប្រាកដ បុគ្គលនោះ ទើបរាប់ថា ជាអ្នកស្លូត។ បុគ្គលដែលបានលះបង់ទោសៈ ព្រោះតែលះបង់ទោសៈ បានជាពួកជនដទៃ ធ្វើឲ្យក្រោធមិនបាន ទោះបីពួកជនដទៃ ធ្វើឲ្យក្រោធក៏មិនធ្វើសេចក្តីក្រោធឲ្យប្រាកដ បុគ្គលនោះ ទើបរាប់ថា ជាអ្នកស្លូត។ បុគ្គលដែលបានលះបង់មោហៈ ព្រោះតែលះបង់មោហៈ បានជាពួកជនដទៃ ធ្វើឲ្យក្រោធមិនបាន ទោះបីពួកជនដទៃ ធ្វើឲ្យក្រោធ ក៏មិនធ្វើសេចក្តីក្រោធ ឲ្យប្រាកដ បុគ្គលនោះ ទើបរាប់ថា ជាអ្នកស្លូត ម្នាលគាមណី ហេតុនេះឯង បច្ច័យនេះឯង ដែលនាំឲ្យគេរាប់បុគ្គលពួកមួយ ក្នុងលោកនេះ ថាជាអ្នកស្លូត អ្នកស្លូត។
ID: 636850847451577471
ទៅកាន់ទំព័រ៖