ព្រះត្រៃបិដក ភាគ ៣៦
ម្នាលគាមណី អ្នកយល់សេចក្តីនោះ ដូចម្តេច គហបតី អ្នកភ្ជួររាស់ឯណោះ មានបំណងនឹងដាក់ពូជ ក្នុងស្រែទាំងនោះ តើគេគួរដាក់ក្នុងស្រែណាមុន ដាក់ស្រែល្អឯណោះឬ ឬស្រែយ៉ាងកណ្តាលឯណោះ ឬក៏ ស្រែយ៉ាងអន់ ជាដីទួល ដីប្រៃ ដីអាក្រក់ឯណោះ។ បពិត្រព្រះអង្គដ៏ចំរើន គហបតី អ្នកភ្ជួររាស់ឯណោះ មានបំណងនឹងដាក់ពូជ ស្រែណាល្អ ក៏ដាក់ក្នុងស្រែនោះ លុះដាក់ក្នុងស្រែនោះហើយ ទើបដាក់ក្នុងស្រែយ៉ាងកណ្តាល លុះដាក់ក្នុងស្រែនោះហើយ ទើបដាក់ក្នុងស្រែយ៉ាងអន់ ជាដីទួល ដីប្រៃ ដីអាក្រក់ ក៏មាន មិនដាក់ក៏មាន។ ដំណើរនោះ តើព្រោះហេតុអ្វី។ ព្រោះថា ដោយហោចទៅ គ្រាន់បានជាចំណីគោដែរ។
[២៤៦] ម្នាលគាមណី ស្រែដែលល្អឯណោះ ដូចជាពួកភិក្ខុ ភិក្ខុនី (ជាសាវក) របស់តថាគត តថាគត សំដែងធម៌ មានពីរោះបទដើម ពីរោះបទកណ្តាល ពីរោះបទចុង ដល់ពួកភិក្ខុ ភិក្ខុនីទាំងនោះ តថាគត ប្រកាសព្រហ្មចរិយធម៌ ប្រកបដោយអត្ថ ដោយព្យញ្ជនៈ បរិបូណ៌ បរិសុទ្ធទាំងអស់។ ដំណើរនោះ តើព្រោះហេតុអ្វី។ ម្នាលគាមណី ព្រោះថា ភិក្ខុ ភិក្ខុនីទាំងនុ៎ះ មានតថាគតជាទីពឹង មានតថាគតជាទីជ្រកកោន
ID: 636850852200309083
ទៅកាន់ទំព័រ៖