ព្រះត្រៃបិដក ភាគ ៣៦
មានតថាគតជាទីពំនាក់ មានតថាគតជាទីរឭក។ ម្នាលគាមណី ស្រែយ៉ាងកណ្តាល ឯណោះ ដូចជាពួកឧបាសក ឧបាសិកា (ជាសាវក) របស់តថាគត តថាគតសំដែងធម៌ មានពីរោះបទដើម ពីរោះបទកណ្តាល ពីរោះបទចុង ដល់ឧបាសក ឧបាសិកាទាំងនោះ តថាគត ក៏ប្រកាសព្រហ្មចរិយធម៌ ដ៏ប្រកបដោយអត្ថ ដោយព្យញ្ជនៈ បរិបូណ៌ បរិសុទ្ធទាំងអស់។ ដំណើរនោះ តើព្រោះហេតុអ្វី។ ម្នាលគាមណី ព្រោះថា ឧបាសក ឧបាសិកាទាំងនុ៎ះ មានតថាគតជាទីពឹង មានតថាគតជាទីជ្រកកោន មានតថាគតជាទីពំនាក់ មានតថាគតជាទីរឭក។ ម្នាលគាមណី ស្រែយ៉ាងអន់ ជាដីទួល ដីប្រៃ ដីអាក្រក់ឯណោះ ដូចជាពួកសមណព្រាហ្មណ៍បរិព្វាជក ជាអន្យតិរ្ថិយ (ដែលចូលមកជាសាវក) របស់តថាគត តថាគតសំដែងធម៌ មានពីរោះបទដើម ពីរោះបទកណ្តាល ពីរោះបទចុង ដល់សមណព្រាហ្មណ៍បរិព្វាជកទាំងនោះ តថាគត ក៏ប្រកាសព្រហ្មចរិយធម៌ ដ៏ប្រកបដោយអត្ថ ដោយព្យញ្ជនៈ បរិបូណ៌ បរិសុទ្ធទាំងអស់។
ID: 636850852376029134
ទៅកាន់ទំព័រ៖