ព្រះត្រៃបិដក ភាគ ៣៦
[២៩] ម្នាលភិក្ខុទាំងឡាយ ដូចប្រទីបប្រេង គប្បីឆេះឡើង ព្រោះអាស្រ័យប្រេងនិងប្រឆេះ ប្រទីបប្រេងនោះ មិនមានអាហារ គប្បីរលត់ទៅ ព្រោះអស់ទៅនៃប្រេង និងប្រឆេះនោះឯង មានឧបមា យ៉ាងណា។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យក៏ដូច្នោះដែរ ភិក្ខុកាលសោយនូវវេទនា មានកាយជាទីបំផុត រមែងដឹងច្បាស់ថា អាត្មាអញ សោយនូវវេទនា មានកាយជាទីបំផុត កាលសោយនូវវេទនា មានជីវិតជាទីបំផុត រមែងដឹងច្បាស់ថា អាត្មាអញ សោយនូវវេទនា មានជីវិតជាទីបំផុត រមែងដឹងច្បាស់ថា លុះទម្លាយរាងកាយ បន្ទាប់អំពីការអស់ជីវិតទៅ ការសោយនូវវេទនាទាំងពួង ដែលអត្មាអញ មិនបានត្រេកអរហើយ ក្នុងលោកនេះ នឹងមានសេចក្តីត្រជាក់។ ចប់ សូត្រ ទី៨។
[៣០] ម្នាលភិក្ខុទាំងឡាយ វេទនា ៣ យ៉ាងនេះ មិនទៀង ដែលបច្ច័យតាក់តែង ឡើង អាស្រ័យបច្ច័យ ទើបកើតឡើង មានការអស់ទៅជាធម្មតា មានការសាបសូន្យទៅ ជាធម្មតា មានការប្រាសចាកតម្រេក ជាធម្មតា មានការរលត់ទៅ ជាធម្មតា។ វេទនា ៣ យ៉ាង តើដូចម្តេច។ គឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១។
ID: 636850418603268751
ទៅកាន់ទំព័រ៖