ព្រះត្រៃបិដក ភាគ ៣៦
អ្នកគង់មានសេចក្តីសង្ស័យ គង់មានសេចក្តីងឿងឆ្ងល់ ក្នុងអនាគតកាលនោះ ម្នាលគាមណី ប៉ុន្តែតថាគត អង្គុយក្នុងទីនេះឯង សំដែងនូវហេតុឲ្យកើតទុក្ខ និងសេចក្តីវិនាសទុក្ខ ឲ្យអ្នកដែលអង្គុយនៅក្នុងទីនុ៎ះស្តាប់ ចូរអ្នកស្តាប់ធម៌នោះ ធ្វើទុកក្នុងចិត្ត ដោយប្រពៃចុះ តថាគតនឹងសំដែង។ គន្ធភកគាមណី ក៏ទទួលស្តាប់ព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ត្រាស់ដូច្នេះថា ម្នាលគាមណី អ្នកសំគាល់សេចក្តីនោះ ដូចម្តេច សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ តូចចិត្ត ចង្អៀតចិត្ត កើតឡើងដល់អ្នក ព្រោះសេចក្តីស្លាប់ក្តី ព្រោះការចាប់ចងក្តី ព្រោះការវិនាសទ្រព្យក្តី ព្រោះការតិះដៀលក្តី នៃពួកមនុស្ស ដែលនៅក្នុងឧរុវេលកប្បនិគម ធ្លាប់មានដល់អ្នកដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ តូចចិត្ត ចង្អៀតចិត្ត កើតឡើងដល់ខ្ញុំព្រះអង្គ ព្រោះសេចក្តីស្លាប់ក្តី ព្រោះការចាប់ចងក្តី ព្រោះការវិនាសទ្រព្យក្តី ព្រោះការតិះដៀលក្តី នៃពួកមនុស្ស ដែលនៅក្នុងឧរុវេលកប្បនិគម ធ្លាប់មានដល់ខ្ញុំព្រះអង្គដែរ។ ម្នាលគាមណី
ID: 636850858814047367
ទៅកាន់ទំព័រ៖