ព្រះត្រៃបិដក ភាគ ៣៦
ត្រូវគេចងស្លាបសេក ដោយខ្សែដ៏មាំ។ បេ។ កាត់ក្បាល ខាងត្បូងព្រះនគរ។ ជនទាំងឡាយ បាននិយាយនឹងបុរសនោះ យ៉ាងនេះថា យីអើ បុរសនេះ បានធ្វើអំពើអ្វី បានជាគេចងស្លាបសេក ដោយខ្សែដ៏មាំ។ បេ។ កាត់ក្បាល ខាងត្បូងព្រះនគរ។ ជនទាំងឡាយ និយាយនឹងបុរសនោះ យ៉ាងនេះថា យីអើ បុរសនេះ បានកាន់យកទ្រព្យ ដែលគេមិនបានឲ្យ អំពីស្រុកក្តី អំពីព្រៃក្តី ដោយចំណែកនៃចិត្តជាចោរ ព្រោះហេតុនោះ បានជាពួកស្តេច ចាប់បុរសនោះបានហើយ ឲ្យធ្វើកម្មករណៈ មានសភាពយ៉ាងនេះ។ ម្នាលគាមណី អ្នកសំគាល់សេចក្តីនោះ ដូចម្តេច អំពើមានសភាពយ៉ាងនេះ អ្នកបានឃើញ ឬបានឮខ្លះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឃើញ បានឮ ហើយគង់នឹងបានឮផង។
[២៩៨] ម្នាលគាមណី បណ្តាសមណព្រាហ្មណ៍ទាំងនោះ សមណព្រាហ្មណ៍ពួកណា ជាអ្នកមានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា បុគ្គលឯណានីមួយ កាន់យកទ្រព្យដែលគេមិនបានឲ្យ បុគ្គលទាំងអស់នោះ តែងសោយទុក្ខទោមនស្ស ក្នុងបច្ចុប្បន្ន។ សមណព្រាហ្មណ៍ទាំងនោះ ពោលពាក្យសច្ចៈ ឬមុសា។ បេ។ អ្នកផងគួរជ្រះថ្លានឹងសមណព្រាហ្មណ៍ទាំងនោះដែរឬ។ ការនុ៎ះមិនគួរទេ ព្រះអង្គ ។
ID: 636850867538436374
ទៅកាន់ទំព័រ៖